លក្ខខណ្ឌនៃការប្រើប្រាស់

ធនាគារ ហ្វីលីព ភីអិលស៊ី ផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់ សេវាធនាគារចល័ត សម្រាប់តែអតិថិជនរបស់ធនាគារ ហ្វីលីព តែប៉ុណ្ណោះ។

១. សេចក្តីផ្តើម

សេវាធនាគារចល័ត របស់ធនាគារ ហ្វីលីព ភីអិលស៊ី មានគោលបំណងផ្តល់ជូនអតិថិជននូវសេវាធនាគារចល័តប្រកបដោយគុណភាពខ្ពស់ តទៅនេះហៅថា“សេវាកម្ម”។ ការចុះឈ្មោះប្រើសេវាកម្មនេះ មានន័យថាលោកអ្នកយល់ព្រមលើលក្ខខណ្ឌ និងបទបញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ តទៅនេះហៅថា“កិច្ចព្រមព្រៀង”។

ធនាគារយើងខ្ញុំអាចនឹងមានគម្រោងផ្តល់ជូននូវសេវាកម្មធនាគារចល័ត និងមុខងារថ្មីៗបន្ថែមទៀតនាពេលអនាគត។ កិច្ចព្រមព្រៀងនេះ អាចមានឥទ្ធិពលគ្របដណ្តប់ទៅលើសេវាកម្មធនាគារចល័ត និងមុខងារថ្មីៗបន្ថែមទៀតផងដែរ។ ធនាគារយើងខ្ញុំ អាចធ្វើការកែប្រែលក្ខខណ្ឌ និងកែសម្រួល ឬលុបចោល សេវាធនាគារចល័ត ដោយពុំចាំបាច់ធ្វើការជូនដំណឹងជាមុន លើកលែងតែមានការតម្រូវដោយច្បាប់ ឬតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។

១.១. និយមន័យ

និយមន័យនៃពាក្យបច្ចេកទេសដែលបានប្រើប្រាស់នៅក្នុងកិច្ចព្រមព្រៀងរួមមាន៖

• “ឧបករណ៍” សំដៅលើឧបករណ៍ចល័ត ដែលរូមមានទូរស័ព្ទដៃ ឬឧបករណ៍ចល័តផ្សេងទៀតដែលអាចតភ្ជាប់ទៅនឹងបណ្តាញអ៊ិនធឺណេត អាចទទួលសារ និងមានសុវត្ថិភាពចរាចរ SSL។

• “ធនាគារចល័ត” សំដៅលើឧបករណ៍ចល័ត ដែលអតិថិជន បានចុះឈ្មោះ ប្រើប្រាស់សេវាធនាគារចល័ត ជាមួយធនាគារ។

• “លោកអ្នក” និង “របស់លោកអ្នក” សំដៅលើបុគ្គលទាំងឡាយដែលទទួលបានសិទ្ធិក្នុងការប្រើប្រាស់គណនីមួយ ឬច្រើន តាមរយៈការស្នើសុំប្រើប្រាស់ សេវាធនាគារចល័ត។

• “យើងខ្ញុំ” “ពួកយើង” និង “ធនាគារហ្វីលីព” សំដៅលើធនាគារ ហ្វីលីព ភីអិលស៊ី។

២. សេវាធនាគារចល័ត

២.១. ការពិពណ៌នាអំពីសេវាកម្ម

សេវាធនាគារចល័ត របស់ធនាគារហ្វីលីព ត្រូវបានផ្តល់ជូនបន្ថែមលើសេវាធនាគារដែលមានស្រាប់ដើម្បីបង្កលក្ខណៈឲ្យកាន់តែមានភាពងាយស្រួលដល់អតិថិជន។ អតិថិជនអាចប្រើប្រាស់សេវាធនាគារចល័ត តាមរយៈទូរស័ព្ទស្មាតហ្វូន(Smart Phone)។ សេវាធនាគារចល័តនឹងដំណើរការតាមរយៈប្រព័ន្ធអ៊ីនធឺណេត (Internet) និងសេវាទូទាត់រហ័ស (Fast Payment) ដែលអាចឱ្យអតិថិជនទទួលបានមូលនិធិភ្លាមៗ ដែលឆ្លើយតបទៅនឹងតម្រូវការសាច់ប្រាក់បានទាន់ពេលវេលា។ កន្លងមក ធនាគារជាតិ នៃ កម្ពុជា ធ្លាប់បានជម្រុញឲ្យមានការប្រើប្រាស់សេវាកម្មនេះ ជាពិសេសគឺការទូទាត់ប្រាក់ជាប្រាក់រៀល។ ជាមួយសេវាធនាគារចល័ត អតិថិជនអាចធ្វើប្រតិបត្តិការលើមុខងារដូចខាងក្រោម៖

1. សាកសួរ សមតុល្យសាច់ប្រាក់

2. ប្រតិបត្តិការ ផ្ទេរប្រាក់

3. ប្រតិបត្តិការ ផ្ទេរប្រាក់អន្តរធនាគារ (សេវាទូទាត់រហ័ស)

4. បញ្ជីប្រវត្តិប្រតិបត្តិការ

5. បញ្ចូលទឹកប្រាក់តាមទូរស័ព្ទចល័ត

6. ទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) និងទីតាំងសាខា

7. ផលិតផល និង ការផ្តល់ជូនពិសេស (Promotions)

8. សាកសួរអំពីអត្រាការប្រាក់

9. សាកសួរអំពីអត្រាប្តូរប្រាក់

ធនាគារយើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកំណត់នូវប្រភេទ និងចំនួនគណនី ដែលអាចប្រើប្រាស់បាន និងសិទ្ធិក្នុងការបដិសេធទៅលើប្រតិបត្តិការដែលលោកអ្នកស្នើសុំតាមរយៈសេវាធនាគារចល័ត។ ធនាគារយើងខ្ញុំក៏សូមរក្សាសិទ្ធិ ក្នុងការកែសម្រួលទៅលើដែនសេវាកម្មដែលអាចកើតមានឡើងក្នុងពេលណាមួយផងដែរ។

សេវាធនាគារចល័តអាចនឹងមិនតភ្ជាប់ ឬការប្រើប្រាស់អាចមានកម្រិត អាស្រ័យទៅតាមសេវាអ៊ិនធឺណេត។ ក្នុងបរិបទនេះ សេវាកម្មនេះអាចនឹងមិនអាចប្រើប្រាស់ជាមួយឧបករណ៍ទាំងអស់នោះបាន។ ធនាគារយើងខ្ញុំមិនធានាក្នុងការទទួលខុសត្រូវលើបញ្ហាសេវាអ៊ិនធឺណេតឡើយ (ដែលរួមមានដូចជា ការដាច់សេវា ឬការមិនអាចតភ្ជាប់សេវា)។

២.២. ការប្រើប្រាស់សេវាកម្ម

ដើម្បីប្រើប្រាស់សេវាកម្មឲ្យបានត្រឹមត្រូវ លោកអ្នកត្រូវពិនិត្យ និងអនុវត្តតាមការណែនាំដែលមានចែងនៅក្នុងចំណុច នៃការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់នៃកិច្ចព្រមព្រៀងនេះ។ លោកអ្នកយល់ព្រមទទួលខុសត្រូវ លើការសិក្សាស្វែងយល់ពីរបៀបប្រើប្រាស់សេវាធនាគារចល័តដោយអនុលោមតាមការណែនាំរបស់យើងខ្ញុំ ហើយយល់ព្រមធ្វើការទំនាក់ទំនងមកធនាគារយើងខ្ញុំដោយផ្ទាល់ នៅពេលដែលលោកអ្នកមានបញ្ហាជាមួយ សេវាធនាគារចល័ត។ យើងខ្ញុំរក្សាសិទ្ធិធ្វើការកែសម្រួលទៅលើសេវាកម្មនៅពេលណាមួយ។ ក្នុងករណីមានការកែសម្រួលណាមួយ លោកអ្នកត្រូវប្រាកដថា លោកអ្នកយល់ច្បាស់ពីរបៀបប្រើប្រាស់សេវាធនាគារចល័តដែលបានកែសម្រួលនោះ។ លោកអ្នកក៏ត្រូវយល់ច្បាស់ផងដែរ ពីការប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវ។ យើងខ្ញុំមិនទទួលខុសត្រូវលើរាល់ការបាត់បង់ ដែលបណ្តាលមកពីការភ្ជាប់ទិន្នន័យ ឬការប្រើប្រាស់ឧបករណ៍មិនបានត្រឹមត្រូវរបស់លោកអ្នក។

៣. ការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់

អតិថិជនត្រូវយល់ព្រមទៅលើលក្ខខណ្ឌដើម្បីចុះឈ្មោះ និងប្រើប្រាស់សេវាធនាគាចល័តដូចខាងក្រោម៖

៣.១. ភាពជាម្ចាស់គណនី/ ភាពត្រឹមត្រូវនៃព័ត៌មាន

លោកអ្នកត្រូវបញ្ជាក់ពីភាពជាម្ចាស់គណនី និងព័ត៌មានហិរញ្ញវត្ថុផ្សេងទៀតដែលនឹងត្រូវបានប្រើប្រាស់តាមរយៈសេវាធនាគារចល័ត។ លោកអ្នកត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់ និងពេញលេញ ដល់ធនាគារយើងខ្ញុំដើម្បីធ្វើការតភ្ជាប់ និងប្រើប្រាស់សេវាធនាគារចល័ត។ លោកអ្នកត្រូវបង្ហាញអត្តសញ្ញាណពិតអំពីព័ត៌មានគណនីរបស់លោកអ្នក។ លោកអ្នកយល់ព្រមធ្វើបច្ចុប្បន្នកម្មព័ត៌មានគណនីរបស់លោកអ្នកឲ្យបានត្រឹមត្រូវ។ លោកអ្នកត្រូវបង្ហាញថា លោកអ្នកគឺជាម្ចាស់ឧបករណ៍ ដែលបានចុះឈ្មោះប្រើប្រាស់ សេវាធនាគារចល័តពិតប្រាកដមែន។

៣.២. គណនីរួមគ្នា

តាមរយៈការស្នើសុំប្រើប្រាស់សេវាទូរស័ព្ទចល័ត ម្ចាស់គណនីម្នាក់ៗ ដែលស្ថិតនៅក្នុង គណនីរួមគ្នា ត្រូវយល់ព្រមបង្ហាញព័ត៌មានពីម្ចាស់គណនីដទៃទៀត ដែលស្ថិតក្នុងគណនីរួមគ្នារបស់លោកអ្នក ទៅធនាគារយើងខ្ញុំ។

៣.៣. គន្លឹះសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់

1. Lock ទូរស័ព្ទរបស់អ្នកជានិច្ច
ការពារការធ្វើប្រតិបត្តិការទៅលើទូរស័ព្ទរបស់អ្នក ប្រសិនបើទូរស័ព្ទរបស់អ្នកធ្លាក់ចូលទៅក្នុងដៃរបស់អ្នកដទៃ។ ទូរស័ព្ទទំនើប (Smartphones) ភាគច្រើនត្រូវបានការពារសុវត្ថិភាពដោយ PIN, Password និង Pattern ។ ទូរស័ព្ទរបស់អ្នកត្រូវការពារសុវត្ថិភាពដោយស្នាមក្រយៅដៃរបស់អ្នក (Fingerprint) ។ មិនត្រូវទុកចោល រឺអោយអ្នកដែលមិនទុកចិត្ត ប្រើប្រាស់ រឺបើកមើល ទូរស័ព្ទរបស់អ្នក។ ក្នុងករណីចាំបាច់អ្នកត្រូវតែឃ្លាំមើលចំពោះអ្នកដែលកាន់ទូរស័ព្ទរបស់អ្នក។ ត្រូវតំឡើងមុខងារ Time Out នៅក្នុងប្រព័ន្ធទូរស័ព្ទរបស់អ្នកដើម្បីការពារសុវត្ថិភាពបន្ថែម ។

2. ការបញ្ឈប់ដំណើរការកម្មវិធីទូរស័ព្ទ
វាជាកម្មវីធីមួយដែលអាចបញ្ឈប់ដំណើរការទូរស័ព្ទរបស់អ្នក និងអាចជួយអ្នកក្នុងការស្វែងរកទីតាំងដែលបាត់ទូរស័ព្ទរបស់អ្នក ប៉ុន្តែបើមិនចាំបាច់ លោកអ្នកមិនគួរប្រថុយគ្រោះថ្នាក់ក្នុងការព្យាយាមយកវាត្រលប់មកវិញនោះទេ លោកអ្នកគួរតែផ្តល់ដំណឹងទៅកាន់ធនាគារភ្លាមៗ ដើម្បីធ្វើការបិទដំណើរការប្រព័ន្ធ Mobile Banking របស់លោកអ្នក ។

3. ការបង្កើតសុវត្ថិភាព Password
សុវត្ថិភាព Password គឺមានសារៈសំខាន់ណាស់ចំពោះទូរស័ព្ទ ។ ការកំណត់ Password គឺត្រូវកំណត់ឲ្យងាយស្រួលចាំ ប៉ុន្តែក៏មិនត្រូវងាយស្រួលឲ្យនរណាម្នាក់ទាយនោះដែរ ។ ត្រូវធ្វើការផ្លាស់ប្តូរ Password ឲ្យ បានទៀតទាត់ ឬផ្លាស់ប្តូរ Password ភ្លាមៗ ប្រសិនបើអ្នកសង្ស័យថា Password របស់អ្នកត្រូវបានគេដឹង ឬលែងមានសុវត្ថិភាព ។ មិនត្រូវបង្ហាញ Password ឬ លេខ OTP របស់អ្នកទៅឲ្យនរណាម្នាក់ដឹងឡើយ ។ មិនត្រូវរក្សាទុក Password ឬសំនួរ-ចម្លើយសុវត្ថិភាពនៅក្នុងទូរស័ព្ទរបស់អ្នកឡើយ ។ មិនត្រូវប្រើប្រាស់ Password តែមួយ នៅក្នុងកម្មវិធី Mobile Banking ផ្សេងទៀត ឬកម្មវិធីដទៃទៀតនោះទេ ។ មិនត្រូវកត់ចំណាំ Password នៅលើក្រដាស់ ឬនៅក្នុងទូរស័ព្ទដែលងាយស្រួលក្នុងការបាត់បង់ ឬត្រូវនរណាម្នាក់ឃើញងាយនឹងឃើញដោយចៃដន្យនោះទេ ។ ធនាគារ ហ្វីលីព ភីអិលស៊ី បានធ្វើការបំពាក់ប្រព័ន្ធសុវត្ថិភាព Touch ID Login សម្រាប់អថិតិជនដែលប្រើប្រាស់ទូរស័ព្ទ ដែលភ្ជាប់ជាមួយមុខងារស្គែន ក្រយៅដៃ ឬមុខមនុស្ស ដើម្បីការពារពីការលួចយកព័ត៌មានសំខាន់ៗពីនរណាម្នាក់ ។ មិនត្រូវឲ្យនរណាម្នាក់មើល ឬចំណាំទុក នៅពេលដែលលោកអ្នកកំពុងបញ្ចូល Username និង Password ទៅក្នុងកម្មវិធី Mobile Banking នោះទេ ។ គណនី (Account) របស់លោកអ្នកនឹងផ្អាកដំណើរការ ប្រសិនបើលោកអ្នកបញ្ចូលខុស Password ចំនួនបីដងជាប់ៗគ្នា ។

4. ការ Log Out ពី Mobile Banking
កម្មវិធីទូរស័ព្ទមួយចំនួនផ្តល់ជម្រើសឲ្យលោកអ្នកស្ថិតនៅក្នុងការប្រើប្រាស់ ជាអចិន្ត្រៃយ៍ ពោលមិនចាំបាច់បញ្ចូលលេខសំងាត់រាល់ពេល។ កម្មវិធី Mobile Banking របស់ធនាគារ ហ្វីលីព ភីអិលស៊ី នឹងធ្វើការ Log Out ដោយស្វ័យប្រវត្តិ ប្រសិនបើលោកអ្នកផ្អាកធ្វើប្រតិបតិ្ត នៅក្នុងកម្មវិធីនោះ ប៉ុន្តែលោកអ្នកមិនត្រូវធ្វើការផ្លាស់ប្តូរមុខងាររបស់កម្មវិធីនោះឡើយ ។ លោកអ្នកគួរតែ Log Out ចេញពីកម្មវិធី Mobile Banking ភ្លាមៗ បន្ទាប់ឈប់ធ្វើប្រតិបត្តិការ ។ លោកអ្នកមិនគួរបើកប្រព័ន្ធ Wifi នៅក្នុងទូរស័ព្ទរបស់លោកអ្នកចោលដោយមិនមានការប្រើប្រាស់នោះទេ ពីព្រោះលោកអ្នកអាចនឹងត្រូវគេវាយប្រហារប្រព័ន្ធទូរស័ព្ទ (Hack) បានយ៉ាងងាយស្រួល ជាពិសេសនៅកន្លែងអ៊ីនធឺណិតទីសារធារណៈ ។ ប្រសិនបើលោកអ្នកចង់លក់ទូរស័ព្ទ ឬប្រគល់ឲ្យនរណាម្នាក់ សូមធ្វើការ Log Out និងលុបកម្មវិធី Mobile Banking (Uninstall) ជាមុនសិន បន្ទាប់មកធ្វើការតំឡើងកម្មវីធីនោះភ្លាមៗ នៅក្នុងទូរស័ព្ទថ្មីរបស់លោកអ្នក ។

5. មិនត្រូវតំឡើងកម្មវិធី Mobile Banking របស់ធនាគារ ហ្វីលីព ភីអិលស៊ី ពីប្រភពដែលលោកអ្នកមិនដែលស្គាល់នោះទេ
សូមជម្រាបថា ធនាគារ ហ្វីលីព ភីអិលស៊ី មិនដែលធ្វើការស្នើសុំអតិថិជន ឲ្យធ្វើការទាញយកកម្មវិធី Mobile Banking ពីប្រភពមិនច្បាស់លាស់ ក្រៅអំពី Google Play Store ឬ Apple App Store នោះឡើយ ។ ម្យ៉ាងវិញទៀត លោកអ្នកមិនគួរ Root ឬ Jail Break ទូរស័ព្ទរបស់លោកអ្នកឡើយ ដែលនាំឲ្យទូរស័ព្ទរបស់លោកអ្នកលែងមានសុវត្ថិភាព ។

6. ការផ្តល់ដំណឹង
សូមទម្លាប់តាមដាន ឬសង្កេតមើលសកម្មផ្ទាល់ខ្លួនក្នុងការប្រើប្រាស់កម្មវីធី Mobile Banking នឹងជួយលោកអ្នកឲ្យយល់ដឹងអំពីភាពមិនប្រក្រតីនៃការធ្វើប្រតិបត្តិការរបស់កម្មវីធី Mobile Banking ភ្លាមៗ ។ ប្រសិនបើលោកអ្នកសង្ស័យ ឬរកឃើញថាមានភាពមិនប្រក្រតីនៃការធ្វើប្រតិបត្តិការរបស់លោកអ្នក ត្រូវផ្តល់ដំណឹងមកកាន់ធនាគារភ្លាមៗ ។ ជនបោកបញ្ឆោតមួយចំនួន តែងតែបន្លំខ្លួនជាភ្ងាក់ងាររបស់ធនាគារ រួចផ្ញើសារបោកបញ្ឆោត ដោយសុំឲ្យលោកអ្នកផ្ញើ Username និង Password គណនីរបស់លោកអ្នក ទៅកាន់ពួកគេ ប្រសិនបើលោកអ្នកជួបករណីដូចនេះ លោកអ្នកមិនត្រូវធ្វើតាមការស្នើសុំនោះជាដាច់ខាត ។

៣.៤. ក្រមសីលធម៌របស់អ្នកប្រើប្រាស់

លោកអ្នកមិនត្រូវប្រើប្រាស់សេវាធនាគារចល័ត ឬព័ត៌មានដែលទទួលបានពីសេវាធនាគារចល័តសម្រាប់មធ្យោបាយណាមួយដូចខាងក្រោម ៖

1. ធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា ប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់) យីហោ ការសម្ងាត់ពាណិជ្ជកម្ម ឬសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិឯកជនភាព ឬសិទ្ធិទៅលើកម្មវិធី Software របស់តតិយជន។

2. ពាក់ព័ន្ធនឹងការលួចបន្លំ ឬការលក់វត្ថុក្លែងក្លាយ ឬវត្ថុចោរកម្ម ដោយប្រើប្រាស់សេវាធនាគារចល័ត ក្នុងរូបភាពក្លែងជានីតិបុគ្គល ឬរូបវ័ន្តបុគ្គល។

3. បំពានលើច្បាប់ បទបញ្ជា និងបទបញ្ញត្តិ។

4. បង្កឲ្យមានការភ័ន្តច្រឡំ ការយល់ខុស ឬបោកបញ្ឆោតជាដើម។

5. ផ្តល់បន្ទុកទទួលខុសត្រូវដល់ធនាគារ ឬសម្ព័ន្ធញាតិរបស់ធនាគារ ឬអ្នកផ្តល់សេវាកម្មឲ្យធនាគារ ដែលអាចឲ្យធនាគារបាត់បង់ (ទាំងស្រុង ឬមួយផ្នែក)នូវសេវាកម្មពីសំណាក់អ្នកផ្តល់សេវាកម្មឲ្យធនាគារ។

6. ធ្វើឲ្យប៉ះពាល់ កេរ្តិ៍ឈ្មោះ អាជីវកម្ម ឬការគំរាមកំហែង ឬការរំខាននានាតាម ផ្លូវច្បាប់។

7. អាចត្រូវបានគេសង្កេតឃើញថា ជាជនល្មើសច្បាប់ រឹងទទឹង ឬជំទាស់។

8. បង្កឲ្យមានការរំខាន ដល់បណ្តាញកុំព្យូទ័រ ដែលបានតភ្ជាប់ទៅកាន់ សេវាធនាគារចល័ត។

9. ធ្វើឲ្យរំខានដល់ការប្រើប្រាស់សេវាធនាគារចល័ត ពីសំណាក់អ្នកប្រើប្រាស់ផ្សេងទៀត ឬ

10. ប្រើប្រាស់សេវាធនាគារចល័តដើម្បីទទួលបានអត្ថប្រយោជន៍ ក្នុងការប្រើប្រាស់ សេវាធនាគារចល័តរបស់ អ្នកដទៃដែលមិនទទួលបានការអនុញ្ញាត ។

៣.៥. មិនប្រើប្រាស់ដើម្បីកិច្ចការជំនួញ ឬផ្សព្វផ្សាយការលក់ដូរ

សេវាកម្មនេះត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនឬសម្រាប់ការធ្វើធុរៈកិច្ចរបស់បុគ្គលដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់តែប៉ុណ្ណោះ។ លោកអ្នកមិនត្រូវប្រើប្រាស់សេវាធនាគារចល័តសម្រាប់កិច្ចការជំនួញ ឬផ្សព្វផ្សាយការលក់ដូរ ការជួល ឬបង្កើត បណ្តាញចែកចាយឡើយ។

៣.៦. សំណងការខូចខាត

លុះត្រាតែបណ្តាលមកពីកំហុសវិជ្ជាជីវៈដោយចេតនា ឬការធ្វេសប្រហែស របស់ធនាគារ លោកអ្នកយល់ព្រមសងការខូចខាត ការពារ និងមិនធ្វើឲ្យប៉ះពាល់ដល់ធនាគារ សម្ព័ន្ធញាតិធនាគារ មន្រ្តី នាយក បុគ្គលិក អ្នកពិគ្រោះយោបល់ ភ្នាក់ងារ អ្នកផ្តល់សេវា និងអ្នកផ្តល់អាជ្ញាប័ណ្ណរបស់ធនាគារ នូវរាល់ពាក្យបណ្តឹងរបស់តតិយភាគីទាំងអស់ដែលទាមទារសំណង ការទទួលខុសត្រូវការខូចខាត និងការចំណាយផ្សេងៗ (រួមបញ្ចូលទាំងថ្លៃសេវាមេធាវី) ដែលកើតឡើងពី (ក) ការទាមទារពីតតិយជន វិវាទ បណ្តឹង ឬការចោទប្រកាន់នៃការរំលោភ, ការប្រើប្រាស់មិនត្រឹមត្រូវលើព័ត៌មាន ទិន្នន័យ ឯកសារ ឬសកម្មភាពផ្សេងៗដែលទាក់ទងជាមួយ សេវាកម្មនេះ (ខ) ការបំពានរបស់លោកអ្នកទៅលើច្បាប់ ឬសិទ្ធិរបស់តតិយភាគីណាមួយ ឬ (គ) ការប្រើប្រាស់របស់អ្នក ឬការប្រើប្រាស់ដោយតតិយភាគីទៅលើសេវាធនាគារចល័ត។